នេះនឹងនិយាយពីរឿងធនញ្ជ័យ កាលដើមឡើយមកចាប់កំណើតក្នុងពោះនាងម្ដាយៗដេកទៅយល់សប្ដិតែទៀប ឯព្រឹកដូចជាយល់សូង យល់សប្ដិបេះដូងបេះទាំងបានផ្លែ យល់សប្ដិឃើញខែៗនោះពេញបូរមី នាងនោះភ្ញាក់ឡើងពីដេកគិតថា សប្ដិនេះល្អណាស់ បើដូច្នេះអញនឹងទៅឱ្យហោរមើលឱ្យបានដឹងថាសប្ដិនេះល្អ ឬអាក្រក់ គិតស្រេចយកទៀនធូប ទៅដល់ផ្ទះហោរ អ្នកហោរមិននៅ នៅប្រពន្ធហោរ នាងនោះទៅដល់ផ្ទះហោរហើយសួរថា អ្នកហោរនៅទេ ប្រពន្ធហោរប្រាប់ថាមិននៅទេ រកគាត់ថ្វីនាង នាងនោះប្រាប់ថា មករកគាត់ឱ្យទាយ ត្បិតខ្ញុំដេកទៅយល់សប្ដិទៀប ឯព្រឹកហាក់ដូចយល់សូង យល់សប្ដិឡើងបេះដូងបេះបានទាំងផ្លែ យល់សប្ដិឃើញខែៗនោះពេញបូរមី ប្រពន្ធហោរប្រាប់ដឹងសព្វគ្រប់ថា នាងនោះនឹងកើតកូនៗនោះប្រុសហើយនឹងបានជាស្ដេច ដឹងដូច្នោះគិតថា អញនឹងទាយឱ្យទៅជាខ្ញុំគេ នាងនោះស្ដាប់នាងប្រពន្ធហោរទាយដូច្នោះហើយ ក៏លាវិលមកផ្ទះវិញ។ដល់សម្រាលកូននោះមកប្រុស បានអាយុ៧ឆ្នាំ ដើរទៅលេងខាងផ្ទះមហាសេដ្ឋីសព្វៗថ្ងៃ ឯប្រពន្ធមហាសេដ្ឋីត្បាញលើផ្ទះ បោះត្...