រឿងអាឡេវ

កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះអ្នកង៉េះ ប្រពន្ធនាងង៉ោះ មានកូនប្រុសម្នាក់ឈ្មោះ អាឡេវ ។ កូននោះ លុះធំឡើងអាយុ ៧ ឆ្នាំ ជាក្មេងមានប្រាជ្ញាដឹងថាម្តាយឪពុកល្ងង់ មិនចេះធ្វើការរកស៊ី ជាអ្នកក្រលំបាក វាក៏និយាយនឹងម្តាយ ឪពុកថា «ម៉ែអើយ! ឪអើយ! ឥឡូវនេះ យើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្រ, បើដូច្នេះ ខែវស្សាយើងធ្វើស្រែ ខែប្រាំងយើងទៅធ្វើចម្ការ, ឯខ្ញុំទៅធ្វើស្រែជាមួយនឹងឪឯង បើយើងអត់ស្លាម្លូអង្ករម្ហូបចំណីអ្វី សឹមខ្ញុំមករកយកពីផ្ទះនេះ ទៅស៊ី» ។ អាឡេវនិងឪពុកម្តាយ គិតគ្នាព្រមហើយ ក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែ ។ លុះនៅស្រែយូរទៅ អាឡេវនឹកចង់ស៊ីនំ ហើយវាគិតថា «បើដូច្នេះអញនឹងបញ្ឆោតម៉ែឪអញយកនំស៊ី» គិតហើយប្រាប់ឪពុកវាថា «ឪៗ! ខ្ញុំទៅផ្ទះយកស្លាម្លូមកស៊ី» ។ ឪពុកក៏ឲ្យកូនទៅផ្ទះ ។ អាឡេវ ដើរទៅដល់កណ្តាលផ្លូវបានឃើញវត្តលោក ក៏ចូលទៅថ្វាយបង្គំរកលោកកោរសក់ឲ្យ, លុះកោររួចហើយក្រាបថ្វាយបង្គំលាលោកទៅ ។ លុះទៅដល់ជិតផ្ទះ អាឡេវ យកសំពត់ទទូរក្បាលហើយធ្វើជាយំ ដើរចូលទៅក្នុ...